តើលោក អ៊ុក អ៊ូ ជាអ្នកណា?
ប្រវត្តិរូបសង្ខេប ក្រមង៉ុយ
ប្រភពពី wikipedia |
- ឈ្មោះ ក្រមង៉ុយ
- នាមដើម អ៊ុក អ៊ូ
- នាមអ្នកស្រុកហៅ ភិរម្យ ង៉ុយ
- គរម្យងារ ព្រះភិរម្យភាសា
- បិតានាម អ៊ុក
- គរម្យងារបិតា ចៅពញាធម្មធារា
- មាតានាម អៀង
- កំណើតឆ្នាំ ១៨៦៥
- ស្រុកកំណើត ស្រុកអង្គស្នួល ក្នុងខេត្តកណ្តាល
- ភរិយា អ៊ិន
- កូន ៦នាក់
- អនិច្ចកម្ម នៅឆ្នាំ ១៩៣៦ ក្នុងជន្មាយុ៧១ឆ្នាំ
គេមិនដឹងពីថ្ងៃខែកំណើត របស់អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ទេ។ ប៉ុន្តែឯកសារបានអះអាងថាលោកប្រសូតនៅឆ្នាំ១៨៦៥ ត្រូវនឹងពុទ្ធសករាជ ២៤០៨ នៅភូមិព្រៃអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នស្រុកអង្គស្នួល) ខេត្តកណ្ដាល។ ហើយលោកមានឈ្មោះពីកំណើតគឺ អ៊ុក អ៊ូ ហៅង៉ុយ។ ឯកសារដែលអាចប្រមូលបានឥឡូវនេះមិនបានបញ្ជាក់ទេថាលោកមានបងប្អូនប៉ុន្មាននាក់គឺគ្រាន់តែនិយាយថាលោកជាកូនទី២ក្នុងគ្រួសារប៉ុណ្ណោះ។ បិតារបស់លោកគឺចៅពញាធម្មធារា មេឃុំកំបូល នាមអ៊ុក ។ រីឯមាតានាម អៀង ជាបុត្រីរបស់ចៅពញាម៉ុក មេឃុំស្ពានថ្ម ស្រុកខេត្តជាមួយគ្នា។ មាតាបិតា លោកត្រូវជាបងប្អូនជីទួតមួយនឹងគ្នា។ ជីវិតស្នេហារបស់កវីប្រជាប្រិយយើងពុំទាន់មានឯកសារណារៀបរាប់ទេយើងគ្រាន់តែដឹងថាក្រោយពីបានចាក់សិក្ខាបទមកជាគ្រហស្តលោកមានភរិយាឈ្មោះ អ៊ិន និងមានកូនសុទ្ធតែប្រុសចំនួន៦រូប,រួមមានឈ្មោះ ដួង,ចេង ,ចា,ចិន,ចុង,ចេវ ។
តាមការបញ្ជាក់របស់លោក យី ធន់ ក្នុងចំណោមកូនលោកទាំង៦រូបមានកូនទី៥ដែលមានទេព្យកោសល្យខាងសំនួនវោហារហើយក៏ល្បីល្បាញផងដែរក្នុងឈ្មោះថា"អាចារ្យចុង" ។ តាមពត៌មានខ្លះទៀតនិយាយថាលោកអ៊ុក អ៊ូ មានចៅម្នាក់ទៀតដែរដែលមានវោហារល្បីខាងច្រៀងអាយ៉ៃហើយមានរូបរាងស្គមស្ដើងដែលគេធ្លាប់ឮឈ្មោះថានាយស្លឹក។ នៅពេលច្រៀងអាយ៉ៃនាយស្លឹកតែងឧទ្ទេសនាមខ្លួនគាត់ថា"ស្រុកខ្ញុំនៅខាងលិច ពោធិចិនតុង កូនអាចារ្យចុងចៅអាចារ្យង៉ុយ" ។ អាចារ្យចុងបានទទួលអនិកម្មក្នុងគុកនយោបាយនៅឆ្នាំ ១៩៥៥ ពេញបោះឆ្នោតគណៈបក្សប្រជាធិតេយ្យ ប្រកួតប្រជែងនិងបក្សសង្គមរាស្ត្រនិយម។
ក្នុងការរស់នៅជាកសិករតាង៉ុយមានប្រជាប្រិយភាពខ្លាំងខាងវោហារនិងល្បិចលើកកំណាព្យភ្លាមៗ ច្រៀងឡើងនិងសំនៀងសាដៀវយ៉ាងពិរោះព្រមទាំងចំណេះខាងធម៏អាថ៍យ៉ាងខ្ពង់ខ្ពស់ដែលធ្វើឧ្យកសិករឯទៀតរាប់អានស្រឡាញ់ទុកលោកជាអ្នកប្រាជ្ញក្នុងភូមិស្រុកហើយអ្នកស្រុកហៅលោកថា ភិរម្យ ង៉ុយ។ បន្ទាប់មករដ្ឋអំណាចបានតាំងលោកជា ( ក្រម ) គឺជាភារៈជនដែលធ្វើទំនាក់ទំនងទាក់ទងរវាងរដ្ឋបាល និងប្រជាជនក្នុងឃុំ។
ពេលរដូវរំហើយក្រោយពីកិច្ចការច្រូតកាត់អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរក្រមង៉ុយតែងតែទេរសនាប្រៀនប្រដៅច្រៀងកំណាព្យបន្ទដោយសំនៀងសាដៀវដ៏ក្រលួចពីភូមិមួយដោយយំស្រណោះអាណិតខ្មែរគ្នាឯង ពីភាព ខ្សត់ខ្សោយ ក្រីក្រ ល្ងងខ្លៅ ឈ្លោះគ្នាឯងបែកបាក់សាម្គី។ ល ។ ផ្ទុយនឹងទម្ងន់ពន្ឋដារនៃរដ្ឋអំណាចបារាំងភាពរហ័សរហួនឆ្លាតការកេងបន្លំជនបរទេស មានចិន យួន ជាដើម។ សំនូរល្បីល្បាញពីកវីសិល្បករនេះ លេចឮដល់ទីក្រុងហើយសម្តេចចក្រីបានហៅឧ្យ ទៅច្រៀងថ្វាយស្តេចស៊ីសុវត្តិពេញព្រះទ័យបានឧ្យរង្វាន់ជាប្រាក់កាស និងគោរម្យងារជា ព្រះភិរម្យភាសា។
អ្នកភិរម្យភាសាអ៊ូហៅង៉ុយ (ក្រមង៉ុយ) គឺជាគោរមងារមួយដែលហ្លួង ស៊ីសុវត្ថិ ប្រទានឲ្យកវី អ៊ុក អ៊ូ ហៅង៉ុយ អ្នកដែលបានធ្វើឲ្យកូនខ្មែរបានរស់នៅក្នុងការប្រៀនប្រដៅបែបប្រជាប្រិយដោយការរួមបញ្ចូលរវាងពុទ្ធោវាទជាមួយបរិស្ថានសង្គមកិច្ចកម្ពុជានាសម័យកាលថ្មីមួយ : ប្រជាជនកម្ពុជាបាត់បង់សេរីភាព និងឥស្សរភាពជាម្ចាស់ប្រទេស ដោយពួកអាណានិគមបារាំងបានចាប់បង្ខំដាក់នឹមត្រួតត្រា។ ជាមួយនឹងគោរមងារនេះ អ្នកមុខអ្នកការទាំងឡាយតែងហៅលោកថាអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ព្រោះដើម្បីកុំឲ្យច្រឡំនឹងនាយក្រុមវាំងម្នាក់នាសម័យនោះដែល មានឈ្មោះ អ៊ូ ដែរ ។ ក៏ប៉ុន្តែ ឈ្មោះខ្លី ដែលអ្នកស្រុកចូលចិត្តហៅហើយដែលបន្តស្ថិតស្ថេរមកទល់ពេលនេះ គឺឈ្មោះ ក្រមង៉ុយ ។
អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្ម នៅថ្ងៃសុក្រ ៦កើត ខែមិគសិរ ព.ស ២៤៧៩ គ.ស ១៩៣៦ ក្នុងជន្មាយុ៧១ឆ្នាំ ដោយជំងឺទល់លាមក ។
ប្រភពពី wikipedia
តើលោក អ៊ុក អ៊ូ ជាអ្នកណា?
Reviewed by KID TV LIVE
on
22 June
Rating:
No comments: